កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាផលិតករជើងចាស់ល្បីឈ្មោះលោក ម៉ៅ អាយុទ្ធ បានរកឃើញវិជ្ជមានកូវីដ-១៩ បានធ្វើឲ្យមហាជន
ក៏ដូចជាសិល្បករជាច្រើនមានការព្រួយបារម្ភដល់លោកយ៉ាងខ្លាំង ។ បច្ចុប្បន្ន លោក ម៉ៅ អាយុទ្ធ ក៏ត្រូវបានបញ្ជូនសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ដោយឡែកមកដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់កូនស្រីបង្កើតរបស់ផលិតករជើងចាស់ក្នុងរឿង «នេសាទក្រពើ» រូបនេះ
ដែលមានឈ្មោះថា Mao Moni Roath បានបង្ហោះសារយ៉ាងច្រើនពីលោកឪពុកធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់អាណិតដល់នាងយ៉ាងខ្លាំង ។
សារនោះអ្នកនាងបានរៀបរាប់ថា «ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ និង អាណិតប៉ាណាស់ មិនគួរមានជំងឺនឹងកើតមកលើគាត់ទេ! ប៉ារឹងមាំ ខំព្យាបាលឆាប់ជាត្រលប់មកផ្ទះយើងវិញ កូនៗនឹងចៅៗចាំប៉ា»
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជន និង មិត្តក្នុងបណ្តាញសង្គមកាន់តែចូលរួមបញ្ចេញមតិ និង លើកទឹកចិត្តដល់កូនស្រី ក៏ដូចជាជូនពរដល់ក្រុមគ្រួសាររបស់អ្នកនាងទៀតនោះ
ក៏ព្រោះពេលនេះអ្នកនាង Mao Moni Roath កំពុងតែព្រួយបារម្ភពីអ្នកម្តាយរបស់ខ្លួន ដោយអ្នកនាងមិនអាចមើលថែគាត់បាននៅពេលដែលលោកឪពុកកំពុងព្យាបាលជំងឺនេះ ៕