តាមការឱ្យដឹងរបស់លោកអភិបាលក្រុងកំពត ក្រោយបញ្ចប់រាត្រីឆ្លងឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែមករា នេះ ក្រុមហ៊ុនប្រមូលសំរាម ប្រមូលបានសំរាមប្រមាណជាង១៣តោន នៅរាយប៉ាយតាមទីសាធារណៈក្នុង ក្រុង។
អភិបាលក្រុងកំពតលោក លាង រឿនសុធី បានឲ្យដឹងថា រដ្ឋបាលខេត្តកំពត ក៏ដូចជាសាលាក្រុង ឆ្នាំនេះ មិនបានរៀបចំកម្មវិធីអបអរសាទរបុណ្យឆ្លងឆ្នាំ ចូលឆ្នាំសកលទេ ដោយសារចូលរួមទប់ស្កាត់កូវីដ ១៩។
តែទោះជាយ៉ាងនេះក្តី នៅយប់ឆ្លងឆ្នាំ ចូលឆ្នាំសកល២០២១នេះ ចំនួនភ្ញៀវទៅសម្រាកកម្សាន្ត ដើម្បីរាប់ថយក្រោយ (Count Down) នៅខេត្តកំពត ច្រើនលើសលប់ហួសពីការរំពឹងទុក។
លោកអភិបាល បានបន្តថា ទេសចរពីគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជុំគ្នា លក្ខណៈជាក្រុមៗ ដើរកម្សាន្តពេញទីសាធារណៈ ពិសេសតាមសួនច្បារមាត់ព្រែក រមណីយដ្ឋានស្រះឈូក និងសួនបេនឡាន ជាដើម
ប្រកបដោយភាពសប្បាយរីករាយក្រៃលែង ហើយថ្ងៃឆ្លងឆ្នាំបានបញ្ចប់ទៅយ៉ាង រលូន គ្មានបញ្ហាណាមួយកើតឡើងគួរឲ្យកត់សំគាល់ទេ។
ប៉ុន្តែក្រោយពេលបញ្ចប់ គេឃើញសំរាមហៀរធុង ថែមទាំងនៅគររាយប៉ាយពេញកន្លែង ដែល ទេសចរបានអង្គុយជួបជុំកាលពីយប់ ពិសេសតាមសួនច្បារមាត់ព្រែក និងរមណីយដ្ឋានស្រះឈូក។
យ៉ាងណាក៏ដោយ លោកអភិបាលក្រុង មិនបានបញ្ជាក់ទេ ថាតើបញ្ហាសំរាមគរ និងរាយប៉ាយ ពេញសួនច្បារសាធារណៈនេះ បណ្តាលមកពីប្រជាពលរដ្ឋ និងទេសចរ មិនមានការយល់ដឹង អំពីការទុក ដាក់សំរាម ឬ មកពីសាលាក្រុងដាក់ធុងសំរាមតិចពេក ឬយ៉ាងណា៕
ប្រភព BTV News