ជនសង្ស័យម្នាក់បានប្រើល្បិចធ្វើជាចូលទៅទិញសម្លៀកបំពាក់ លុះទិញបានអាវ១ហើយ ចេញទៅវិញបាត់មួយសន្ទុះក៏ត្រឡប់មកដូរវិញ ស្រាប់តែឃើញឱកាសស្ងាត់ល្អបានធ្វើសកម្មភាពច្របា ច់កអ្នកលក់ស្រី បំណងប្ល ន់យកកាបូបលុយ តែត្រូវនារីរងគ្រោះស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យរត់គេចបាត់។
ដែលករណីដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២៤នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចតូបលក់សម្លៀកបំពាក់មួយកន្លែង ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង។
ជនសង្ស័យដែលច្របា ច់កប្លន់អ្នកលក់ស្រីខាងលើនេះ មានឈ្មោះគង់ ប៊ុនថី ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង។ ចំណែកនារីរងគ្រោះ មានឈ្មោះស៊ុ នា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-8389 បានមកឈប់នៅមុខតូបលក់សម្លៀកបំពាក់ទីតាំងកើតហេតុខាងលើ ហើយបានចូលទៅទិញអាវចំនួន១ រួចជិះម៉ូតូចេញទៅបានមួយសន្ទុះ ស្រាប់តែជនសង្ស័យខាងលើបានជិះម៉ូតូត្រឡប់មកវិញ ដោយប្រើល្បិចសុំដូរអាវ។
បន្ទាប់មកជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពច្របា ច់កខ្ទ ប់មាត់នារីរងគ្រោះជាអ្នកលក់ បំណងប្លន់យកកាបូបលុយ តែត្រូវនារីរងគ្រោះខាំដៃនិងរើបម្រះរួច ស្រែកឆោឡោឱ្យគេជួយ ធ្វើឱ្យជនសង្ស័យភ័យក៏រត់គេចខ្លួនចោលម៉ូតូតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងពិនិត្យឃើញនៅកន្លែងកើតហេតុ មានបន្សល់ទុកម៉ូតូ១គ្រឿង មួកសុវត្ថិភាព ពណ៌ខ្មៅ១ ស្បែកជើង ១គូ ពណ៌ក្រហម ទូរស័ព្ទម៉ាកណូគា ១គ្រឿង គ្មានស៊ីម (ជារបស់ជនសង្ស័យ) រួចក៏នាំយកទៅរក្សាទុក ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ។
រហូតដល់វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃដដែល កម្លាំងព្រហ្មទណ្ឌស្រុក បានឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពច្របាច់កប្លន់កាបូបលុយនារីរងគ្រោះប្រាកដមែន។